News

MacBook Pro 14” & 16” ជំនាន់ថ្មីជាមួយឈីប M3 SERIES

ព្រឹត្តិការណ៍ Scary Fast ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី 31 តុលា 2023 ថ្មីៗកន្លងទៅនេះ បានធ្វើការដាក់បង្ហាញនូវ MacBook Pro 14” និង 16” ជំនាន់ក្រោយ សុទ្ធតែប្រើប្រាស់នូវឈីប M3 Series ជំនាន់ក្រោយផងដែរ។ ស្របនឹងពេលដែលម៉ូឌែល 14” មានប្រើប្រាស់ឈីប M3, M3 Pro និង M3 Max រីឯម៉ូឌែល 16” វិញមានប្រើប្រាស់ឈីប M3 Pro និង M3 Max តែម្ដង។

ឈីប M3 មានផ្ទុកនូវ CPU ចំនួនឡើងដល់ 8-core និងមាន GPU ចំនួនឡើងទៅដល់ 10-core ក៏ដូចជាឈីប M3 Pro មានផ្ទុកនូវ CPU ចំនួនឡើងដល់ 12-core និងមាន GPU ចំនួនឡើងទៅដល់ 18-core និងឈីបកំពូល M3 Max មានផ្ទុកនូវ CPU ចំនួនឡើងដល់ 16-core និងមាន GPU ចំនួនឡើងទៅដល់ 40-core ឯណោះ។ មិនថាបន្ទះឈីបប្រភេទមួយណានោះឡើយ M3, M3 Pro និង M3 Max សុទ្ធតែគាំទ្រ RAM ដល់ 24GB, 36GB និង 128GB ដូចៗគ្នាទាំងអស់។

Apple បានធ្វើការប្រៀបធៀបឈីប M3 ជាមួយនឹងឈីប M1 ជំនាន់ដំបូង ហើយបានអះអាងមកថា M3 Max នៅលើ MacBook Pro 14” និង 16” ថ្មីនេះ គឺមានល្បឿនលឿនជាងឈីប M1 Max នៅលើ MacBook Pro 16” ដល់ទៅ 2.5x ដង និងមានល្បៀនលឿនជាង MacBook ប្រើប្រាស់ Intel ដល់ទៅ 11x ដងថែមទៀតផង។

ជាការពិតណាស់ ឈីប M3 Series ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា 3nm ដែលសន្យាថានឹងជួយផ្ដល់ជូនកម្លាំងកាន់តែខ្លាំង ហើយព្រមទាំងជួយសន្សំថាមពលបានប្រសើរជាងមុនទៀត។ Apple បាននិយាយថាពួកគេបានប្រើប្រាស់បច្ចេកវិទ្យាថ្មីហៅថា Dynamic Caching ដែលអនុញ្ញាតឲ្យ GPU ដំណើរការឆ្លើយតបជាមួយ Hardware បានភ្លាមៗលឿនជាងមុន និងធានាថាវាប្រើប្រាស់ចំនួន RAM ណាដែលចាំបាច់ប៉ុណ្ណោះ។

រាល់គ្រប់ម៉ូឌែលទាំងអស់នៅលើ MacBook Pro 14” និង 16” ជំនាន់ក្រោយនេះ សុទ្ធតែបំពាក់នូវបន្ទះអេក្រង់ Liquid Retina XDR ដែលមានពន្លឺជាងមុន 20% សម្រាប់ Content SDR ទូទៅ, មានពន្លឺ 1,000nits រូបភាពធម្មតា និងមានពន្លឺភ្លឺដល់ 1,600nits សម្រាប់វីដេអូ HDR, មានផ្ទុកនូវ Speakers សរុបចំនួន 6 គ្រាប់ និងនៅមានថ្ងាស់ឆកដដែល ជាមួយកាមេរ៉ា Webcam 1080p ជាដើម។

ក្រៅពីនេះទៅទៀត Apple ក៏បានផ្ដល់ជូននូវជម្រើសពណ៌ខ្មៅថ្មីមួយទៀត ដែលមានឈ្មោះហៅថា Space Black សម្រាប់ជម្រើសម៉ាស៊ីនប្រើប្រាស់ឈីប M3 Pro និង M3 Max រួមជាមួយនឹងជម្រើសពណ៌ទឹកប្រាក់ Sliver មួយទៀត។ ដោយឡែកសម្រាប់ម៉ាស៊ីន M3 ធម្មតា នឹងមានជម្រើសពណ៌ទឹកប្រាក់ Sliver និងពណ៌ប្រផះ Space Grey ដូចមុនដដែល។

Apple កំពុងតែបើកឲ្យធ្វើការកុម្ម៉ង់ទិញចាប់ពីថ្ងៃនេះតទៅហើយ និងមានលក់ជាផ្លូវការនៅថ្ងៃទី 7 វិច្ឋិកា 2023 ឆាប់ៗខាងមុខនេះ នៅសហរដ្ឋអាមេរិក។ ចំពោះម៉ូឌែល MacBook Pro 14” ប្រើប្រាស់ឈីប M3 មានតម្លៃ 1,599 ដុល្លារឡើងទៅ (8GB RAM + 512GB SSD), ម៉ូឌែល MacBook Pro 14” ប្រើប្រាស់ឈីប M3 Pro មានតម្លៃ 1,999 ដុល្លារឡើងទៅ (18GB RAM + 512GB SSD) និងម៉ូឌែល MacBook Pro 16” ប្រើប្រាស់ឈីប M3 Pro មានតម្លៃ 2,499 ដុល្លារឡើងទៅ (18GB RAM + 512GB SSD)។

Interested? Request more information about our products:

    x

    Search our products