News

iPad mini 7 ជំនាន់ក្រោយអាចនឹងប្រើប្រាស់បន្ទះអេក្រង់ប្រភេទ LTPS OLED

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងរួចមកហើយថា iPad mini រួមទាំង iPad Air និង iPad Pro ផងដែរនោះគឺបានប្រើប្រាស់បន្ទះអេក្រង់ជាប្រភេទ IPS LCD ជាច្រើនជំនាន់មកហើយ។ ដោយឡែកសម្រាប់ iPad mini 7 ជំនាន់ក្រោយនេះត្រូវបានគេរាយការណ៍មកថា Apple អាចនឹងបំពាក់ដោយបន្ទះអេក្រង់ជាប្រភេទ LTPS (មកពីពាក្យពេញថា Low-Temperature Polycrystalline Silicon) OLED ទំហំដល់ 8.7” (ប្រៀបនឹង iPad mini 6 បច្ចុប្បន្នមានទំហំ 8.3”) ជាលើកដំបូងផងដែរ។ នេះបើយោងតាមសារព័ត៌មាន ET News ក្នុងប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹង។

លើសពីនេះ យើងក៏សង្កេតឃើញមានរបាយការណ៍មួយចំនួនទៀតលើកឡើងថា iPad Air និង iPad Pro ស៊េរីថ្មីៗក្រោយទៀតក៏នឹងទៅបំពាក់បន្ទះអេក្រង់ជាប្រភេទ LTPO (មកពីពាក្យពេញថា Low-Temperature Polycrystalline Oxide) OLED (LTPS សម្រាប់ iPad Air) ជំនួសឲ្យ IPS LCD វិញថែមទៀតផង។ មួយវិញទៀត គេបានបង្ហើបដែរថាបន្ទះអេក្រង់ប្រភេទ OLED ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានមើលឃើញថានឹងប្រើប្រាស់នៅលើឧបករណ៍ទាំងអស់របស់ខ្លួនចាប់ពីឆ្នាំ 2026 តទៅ។

ចំពោះរូបរាងវិញ iPad mini ទំនងជាមានការអាប់ដេតផ្នែកមួយចំនួនពីជំនាន់មុននិងថែមទាំងមានរូបរាងស្តើងជាងមុនផងដែរ នេះអាចដោយសារតែបន្ទះអេក្រង់ប្រភេទ OLED គឺមានលក្ខណៈស្តើងជាងអេក្រង់ IPS LCD ប៉ុន្តែវាក៏អាចមានតម្លៃខ្ពស់ជាងមុនបន្តិចផងដែរ។

ដូច្នេះ ទាំងនេះជាអ្វីដែលប្រភពសារព័ត៌មានបរទេស ET News ខាងលើរាយការណ៍មកជាដំណឹង ហើយសម្រាប់ព័ត៌មានកាន់តែលម្អិតជាងនេះយើងនៅពុំទាន់ឃើញមានរបាយការណ៍គួរឲ្យទុកចិត្តបង្ហើបប្រាប់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានដំណឹងអាប់ដេតថ្មីៗទាក់ទងនឹងប្រធានបទបន្ថែមទៀតយើងនឹងធ្វើការជម្រាបជូនទៅប្រិយមិត្តទាំងអស់គ្នាជាបន្តបន្ទាប់ទៀតនៅពេលក្រោយ។

Interested? Request more information about our products:

    x

    Search our products